Search This Blog

Friday, March 23, 2012

New tunnel in Phnom Penh




នៅក្នុងឱកាសនៃកិច្ចប្រជុំប្រចាំខែរបស់សាលារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០១២ ក្រោមអធិបតីភាព ឯកឧត្តម កែប ជុតិមា អភិបាលរាជធានីភ្នំពេញ ក្រុមស្ថាបត្យកររបស់ក្រុមហ៊ុនអនិកជន OCIC បាន បង្ហាញពីគម្រោងស្ថាបនាផ្លូវថ្មីរូងក្រោមដី១ខ្សែ ដោយជម្រើសក្នុងការសិក្សា អាចជា ផ្លូវថ្មីរូងក្រោមដីនឹងត្រូវធ្វើការ សាងសង់បណ្តោយ ២៧២ម៉ែត្រ ទទឹង ១៤ម៉ែត្រ តភ្ជាប់ពីផ្លូវសហព័ន្ធរុស្ស៊ីកាត់ផ្លូវព្រះមុន្នីវង្ស មកផ្លូវក្រមួនស និងផ្លូវ ព្រះអង្គឌួង (ជាប់វិមានកាណាឌីយ៉ា) ដែលផ្លូវក្រោមដីនេះ ត្រូវបានបែងចែកជា៤គន្លងផ្លូវ គឺ២គន្លងផ្លូវទៅ និង២គន្លង ផ្លូវមក មានជំរេស្ពានចំនួន ៥,៥% ដែលអាចអនុញ្ញាតឱ្យរថយន្តកំពស់ ៣,៥ម៉ែត្រឆ្លងកាត់បាន។ ឬលទ្ធភាពមួយទៀត ដោយសិក្សាលើផ្លូវព្រះមុនីវង្ស ត្រង់ចំនុចណាមួយ នៅក្បែរព្រះសច្យមុនីចេតិយ្យ ឬអគារកាណាឌីយ៉ា។ ចំពោះការសាងសង់ គឺត្រៀមជាពីរដំណាក់កាល ក្នុងរយៈពេលតែ ៦ខែ ដែលគ្រោងនឹងប្រើប្រាស់ទឹកប្រាក់ អស់២លានដុល្លាអាមេរិក។ 
ក្នុងកិច្ចពិភាក្សានេះ អង្គប្រជុំបានស្តាប់នូវ យោបល់បច្ចេកទេសជាច្រើន ពីជំនាញជំវិញសាលារាជធានីភ្នំពេញ ដោយឃើញថា ការសិក្សារបស់ក្រុមហ៊ុននេះ នៅមិនទាន់គ្រប់ជ្រុងជ្រោយនៅឡើយ ដោយហេតុថាកត្តាសំខាន់គឺ ការពិចារណាលើលំហូរចរាចរណ៍នៅទីតាំងនោះ និងកត្តាមួយទៀតគឺសោភ័ណភាព។ ហេតុដូចនេះ អង្គប្រជុំស្នើឲ្យ​ក្រុមហ៊ុន ធ្វើការសិក្សាជាថ្មី ដោយផ្តល់នូវជំរើសលើសពីពីរ ដែលការសិក្សានោះ ត្រូវមានការពិចារណា​យ៉ាងល្អិតល្អន់​លើបញ្ហាចរាចរណ៍ ជាចាំបាច់ ហើយការសិក្សានេះត្រូវមានកិច្ចសហការពីមន្ទីរជំនាញមួយចំនួន ដូចជាមន្ទីរសាធារណៈការ និងដឹកជញ្ជូន មន្ទីរដនសស ក៏ដូចជា មន្ត្រីទីចាត់ការរៀបចំក្រុងរបស់សាលារាជធានីផងដែរ។ 
ក្រោយពីបានស្តាប់នូវ ការបកស្រាយរបស់ក្រុមហ៊ុន ក៏ដូចជាយោបល់ល្អៗជាច្រើន 
របស់អង្គប្រជុំឯកឧត្តមអភិបាលញ បានមានប្រសាសន៍ថា នេះពិតជា គម្រោងថ្មី និងជាដំណោះស្រាយថ្មីមួយទៀត ដើម្បីជួយសង្គ្រោះនូវបញ្ហាចរាចរ ណ៍ក្នុងរាជធានីភ្នំពេញសព្វថ្ងៃ។ ដោយសារតំបន់នេះ (ស្តុបBKC) មានចរាចរណ៍ មមារញឹក ដែលជាឧបសគ្គមួយ សាលារាជធានីភ្នំពេញ ស្នើឲ្យក្រុមហ៊ុន ធ្វើការសិក្សាឲ្យបានឆាប់រហ័ស ដោយយើងរង់ចាំសហការ ផ្តល់នូវប្រឹក្សាបចេ្ចកទេសចរាចរណ៍ ក៏ដូចជាបញ្ហាផ្សេងទៀត ដែលក្រុមហ៊ុន ត្រូវការជំនួយពីអាជ្ញាធរ។ ដើម្បីសម្រួលចរាចរណ៍ ឱ្យបានកាន់តែ ប្រសើរថែមទៀត ឯកឧត្តម បានគូសបញ្ជាក់ ដោយបានដាក់កំហិតដល់ស្ថាប័នពាក់ព័ន្ធត្រូវ បង្កើតក្រុមការងារ បច្ចេកទេសសិក្សាជាបន្ទាន់ ពីតំបន់ជុំវិញលើលំហូរចរាចរណ៍ ដើម្បីបានជាមូលដ្ឋានរួម រួចកសាងឯកសារសិក្សាមួយ យ៉ាងល្អិតល្អន់ ដើម្បីស្នើសុំការសំរេចពីរាជរដ្ឋាភិបាល។


source: www.phnompenh.gov.kh

No comments:

Post a Comment

Twitter Bird Gadget